ស្ទឹងត្រែង ៖ អ្នកគ្រូក្រមុំវ័យក្មេងម្នាក់គ្រាន់តែទាស់សំដីជាមួយគូដណ្តឹងបន្តិចបន្តួចបានសំរេចចិត្តផឹកថ្នាំបំពុលសត្វកណ្តៀរធ្វើអត្តឃាតសម្លាប់ខ្លួនស្លាប់ពេលដែលក្រុមគ្រួសារបានដឹកបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍អ្នកគ្រូក្រមុំធ្វើអត្តឃាតសម្លាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣ នៅលើផ្ទះរបស់នាងស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ប្រភពពីឪពុកម្តាយនារីរងគ្រោះបានឲ្យដឹងថា អ្នកគ្រូក្រមុំដែលធ្វើអត្តឃាតសម្លាប់ខ្លួននោះមានឈ្មោះ សា ណាវី អាយុ១៧ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សាមួយកន្លែងក្នុងស្រុកថាឡាបរិវ៉ាត់ រស់នៅក្នុងបន្ទុកឪពុកម្តាយស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្រុមគ្រួសារក្រមុំបានបន្តឲ្យដឹងទៀតថា នៅព្រលប់ថ្ងៃកើតហេតុខាងលើនាងបានឈ្លោះទាស់ទែងខ្វែងគំនិតគ្នាជាមួយគូដណ្តឹងរបស់នាងបន្តិចបន្តួច មិនដឹងថានាងប៉ងធ្វើអត្តឃាតសម្លាប់ខ្លួននោះទេ តែនៅពេលញ៉ាំបាយស្រាប់បាត់នាងមិនឃើញមកហូបបាយក៏នាំគ្នាដើររកមើលក្នុងបន្ទប់ស្រាប់តែឃើញនាងបែកពពុះមាត់ និងមានដបថ្នាំកណ្តៀរនៅជិតខ្លួនរបស់នាងទើបដឹងថានាងបានផឹកថ្នាំកណ្តៀរដើម្បីធ្វើអត្តឃាត ហើយក្រុមគ្រួសារនារីរងគ្រោះបានធ្វើការដឹកជញ្ជូននារីរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើការសង្គ្រោះជីវិតតែពេលមកដល់អ្វីៗបានហួសពេលអស់ទៅហើយ ទោះជាក្រុមគ្រូពេទ្យខំប្រឹងអស់លទ្ធភាពយ៉ាងណាក៏មិនអាចជួយសង្គ្រោះបានឡើយ។ សពនារីរងគ្រោះត្រូវបានក្រុមគ្រូពេទ្យប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ងិន លីម